ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា អញ្ចើញចូលទស្សនកិច្ចមជ្ឈមណ្ឌលផ្តល់ឈាម នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

Share Button

សៀមរាបៈ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ របស់ឯកឧត្តម W.Patrick Murply ឯកអគ្គរដ្ឋទូតតែងតាំងរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាទៅកាន់ខេត្តសៀមរាប មជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាគោលដៅមួយក្នុងចំណោមគោលដៅផ្សេងៗទៀត ដែលឯកឧត្តមអគ្គរដ្ឋទូតអាមេរិក ត្រូវបានបំពេញទស្សនកិច្ច និងបំពេញការងារនោះ ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ និងជួបសម្តែងការគួរសម ផងដែរ ។

បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ៖ មជ្ឈមណ្ឌលផ្តល់ឈាមនេះ គឺជាជំនួយរបស់រដ្ឋាភិបាលអាមេរិក បានបើកសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ ។ លទ្ធផលសម្រេចបាន ក្រោយមានវត្តមានអាគារ និងសម្ភារៈឧបករណ៍ទំនើបៗ មានលក្ខណៈស្តង់ដារងាយស្រួលប្រើប្រាស់ មានការកើនឡើងយ៉ាងខ្លាំងទាំងកំរឹតសមត្ថភាព គុណភាពមន្ទីរពិសោធន៍ និងបរិមាណឈាមដែលប្រមូលបាន ។ មជ្ឈមណ្ឌលផ្តល់ឈាមនេះ ទើបបានបញ្ចប់ថ្មីៗក្នុងខែកន្លងទៅ នូវការវាយតម្លៃគុណភាពដើម្បីទទួលបាន Accreditation level 1 ដែលគាំទ្រដោយ CDC អាមេរិកាំង ។
សេចក្តីរាយការណ៍នោះ ក៏បង្ហាញឲ្យដឹងដែរថា សកម្មភាពការងាររបស់មជ្ឈមណ្ឌលមានការកើនឡើងរហូតដល់ទោ៣ដង បើធៀបបរិមាណឈាមដែលប្រមូលបានមុនមានដំណើរការមជ្ឈមណ្ឌល នេះ ។ ឆ្នាំ២០១៥ (មុនដំណើរការមជ្ឈមណ្ឌល)ប្រមូលឈាមបានត្រឹមតែ ១ ៣៩៨ប្លោក ហើយឆ្នាំ២០១៨ ប្រមូលបាន ៣ ១៤៦ប្លោក ៩ខែដើមឆ្នាំ២០១៩ ប្រមូលបាន ៣ ៣១២ប្លោក ដែលធ្វើឲ្យស្ថានភាពស្តុកឈាមបច្ចុប្បន្នមានភាពរឹងមាំ មិនមានបញ្ហាដាច់ស្តុកនោះទេ បើទោះជាមានចំនួនអ្នកជម្ងឺ ដែលមានតម្រូវការឈាមកើនឡើងក៏ដោយ ។
នៅក្នុងកម្មវិធីទស្សនកិច្ចនៅមជ្ឈមណ្ឌលផ្តល់ឈាមនេះ ឯកឧត្តម W.Patrick Murply បានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលផងដែរ ។ ឯកឧត្តម មានប្រសាសន៍ថា នេះគឺជាការចូលរួម ថ្ងៃនេះដែរនៅស្ថានទូតសហរដ្ឋអាមេរិក មានការបរិច្ចាគឈាមដោយបុគ្គលិកស្ថានទូតអាមេរិកទាំងអស់គ្នា ។ ឯកឧត្តមបន្តថា ក្នុងដំណើរទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលផ្តល់ឈាមនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិក គឺមានបំណងគិតរួចហើយថាត្រូវបរិច្ចាគឈាម ដើម្បីលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជនគ្រប់គ្នាចូលរួមជួយផ្តល់ឈាម និងបន្តផ្តល់ឈាម ដែលជាចលនាមនុស្សធម៌ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយការផ្តល់ឈាម វាងាយស្រួលបំផុត មិនបណ្តាលឲ្យមានផលប៉ះពាល់សុខភាពនៃអ្នកបរិច្ចាគនោះទេ ។ អត្ថបទ និងរូបភាពៈ លោក Ngin Kimleng

Share Button