អនុវត្តផែនការសកម្មភាពនយោបាយ

Share Button

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីនៃកិច្ចប្រជុំវាយតំលៃលទ្ធផលអនុវត្តផែនការសកម្មភាពនយោបាយសំខាន់ៗនៅលើទឹកដីខេត្តបាត់ដំបង តាមរយៈក្រុមការងារនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ។
នៅក្នុងរបាយការណ៍ស្វាគមន៍របស់ឯកឧត្តម ច័ន្ទ សុផល ប្រធានគណបក្សខេត្តបាត់ដំបង បានឲ្យដឹងថា៖ បន្ទាប់ពីតុលាកំពូលបានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិរួច សមាជិកគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង បានសុំបន្តជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា មានក្រុមប្រឹក្សាស្រុកចំនួន៩នាក់ មេឃុំចំនួន២នាក់ ជំទប់ទី១ចំនួន៥នាក់ ជំទប់ទី២ចំនួន៥នាក់ នឹងបានធ្វើការប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន១៦៦នាក់ ដែលលាលែងពីសមាជិកគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ។ ហើយក្នុងនោះដែរ គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានបន្តធ្វើការដោះស្រាយនូវរាល់សំណូមពរពីសំណាក់ប្រជាពលរដ្ឋ ។ បានមានប្រសាសន៍ទៅកាន់សមាជិកបក្សសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ ពេលវេលានៃការបោះឆ្នោតព្រឹទ្ធសភានឹងឈានមកដល់នៅក្នុងខែកុម្ភៈឆ្នាំ២០១៨ ព្រមជាមួយនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក៏ឈានមកដល់នាពេលខាងមុខដែរ ។ ដូចនេះ សមាជិកព្រឹទ្ធសភា រដ្ឋសភា តាមមណ្ឌលនីមួយៗ ត្រូវយកចិត្តទុកដាក់ជាមួយនឹងប្រជាពលរដ្ឋ ហើយត្រូវស្គាល់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ។ ដោយឡែកចំពោះក្រុមការងារបក្សចុះជួយស្រុក ក្រុង ឃុំ សង្កាត់ ត្រូវតែពង្រឹងសមត្ថភាព កសាងកំលាំងនយោបាយ កំលាំងអង្គការចាត់តាំង យុវជន កសាងកំលាំងសមាជិកបក្សប្រកបដោយគុណភាព ។ ដោយគិតបញ្ចូលនូវបរិមាណនៃសមាជិកព្រមជាមួយនឹងគុណភាពបន្ថែមទៀត ព្រោះគណបក្សប្រជាជនកម្ពុជា ធ្លាប់មានបទពិសោធន៍ជាច្រើន នៅក្នុងសកម្មភាពឃោសនាបោះឆ្នោត នៅតាមដំណាក់កាលនីមួយៗ នៅក្នុងករណីនេះ គណបក្សប្រជាជនកម្ពុជាត្រូវធ្វើការត្រួតពិនិត្យ និងវាតំលៃ ដើម្បីស្វែងរកការពិត ចំនួនពិត ឆ្ពោះទៅកាន់ភាពជោគជ័យ ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Facebook

Share Button