ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំផែនការ ការពារ ធានាសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិអន្តរជាតិ

Share Button

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាបទទួលផែនការងារសន្តិសុខ កាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៩ម្សិលម៉ិញនេះ បានជួបប្រជុំជាមួយស្ថានទូតឥណ្ឌូណេស៊ី និងអនុពន្ធ័យោធា ដើម្បីរៀបចំផែនការការពារ ធានាសន្តិសុខសុវត្ថិភាព ជូនថ្នាក់ដឹកប្រទេសនានា ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក ដែលគ្រោងនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករាឆ្នាំ២០១៩ខាងមុខនេះ ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានថ្លែងថា នៅក្នុងកិច្ចប្រជុំទាំងពីរនេះ គឺមានថ្នាក់ដឹកនាំប្រទេសជាច្រើនបានមកចូលរួម ដូច្នេះការងារសន្តិសុខ គឺជាកត្តាដ៏សំខាន់ចាំបាច់ ដែលសមត្ថិកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត។ លោកបានបញ្ជាក់ថា កងកម្លាំងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ សហការគ្នាឲ្យបានល្អនៅតាមបណ្តាគោលដៅនិមួយៗ ការពារ ធានាសន្តិសុខ សុវត្តិភាពជូនថ្នាក់ដឹកនាំ និងគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ ។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នឹងបង្ហាញភាពអស្ចារ្យ នៃបេតិកភណ្ឌជាតិរបស់កម្ពុជា ទាំងបេតិកភណ្ឌរូបិយ៍និងអរូបិយ៍ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ-អន្តរជាតិ ដែលចូលរួមផងដែរ ។ គោលបំណងនៃការបង្កើត ក្រុមប្រឹក្សាវប្បធម៌អាស៊ីដើម្បីបង្ហាញពីការយោគយល់គ្នាទៅវិញទៅមក និងការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងសមាជិក នៃក្រុមប្រឹក្សាវប្បធម៌អាស៊ីទាំងរូបិយ៍និងអរូបិយ៍។ ជាងនេះដើម្បីលើកកម្ពស់ តម្លៃសម្បត្តិបេតិកភណ្ឌពិភពលោក ។ ជាមួយនេះ កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក និងពិភាក្សាគ្នាក្រោមមូលបទស្តីពីការ “ពង្រឹងភាពជាដៃគូ សភា ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព” ៕ រូបភាព និងអត្ថបទៈ លោក Nginh Kimleng


Share Button