សិក្ខាសាលាពិគ្រោះយោបល់លើកទី២ស្តីពីគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប

Share Button

សៀមរាបៈ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានក្រុមការងារលេខាធិការដ្ឋានអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ថ្លែងស្វាគមន៍ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសបើក អង្គសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី “ការរៀបចំ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀនរាប” ដោយបញ្ជាក់ថា ៖ ប្រធានបទ យុទ្ធសាស្រ្តទាក់ទាញទេសចរណ៍ តាមរយៈនៃការបត់បែនតាមទីផ្សារទេសចរណ៍ គឺពិតជាមានសារៈសំខាន់ សម្រាប់ការរំពឹងទុកទៅថ្ងៃអនាគត ។
ជាការពិតណាស់ ដើម្បីជម្រុញឲ្យការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបប្រកបដោយចីរភាព គឺទាមទារចាំបាច់ត្រូវមានការរៀបចំផែនការមេមួយឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ផងដែរ ។ ខេត្តសៀមរាបជាខេត្តបេតិកភ័ណ្ឌនិងវប្បធម៌ មានគុណតម្លៃវិសេសវិសាល រាល់ការអភិវឌ្ឍនានាត្រូវតែមានការសិក្សាដ៏ត្រឹមត្រូវ ទើបការរៀបចំផែនការមេ ក្លាយជាយន្តការដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងតំបន់ជុំវិញនាពេលបច្ចុប្បន្ន និងជាចក្ខុវិស័យសម្រាប់ពេលអនាគត ។

ថ្លែងបើកដំណើការអង្គសិក្ខាសាលានោះ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានអន្តរក្រសួង បានឲ្យដឹងថា ៖ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួង អគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងអ្នកជំនាញការអន្តរជាតិ បានចុះសិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់ចំនួនបួនវគ្គរួចមកហើយនៅក្នុងខេត្តសៀមរាប (ចាប់ពីខែឧសភា ដល់ខែកញ្ញាឆ្នាំ២០១៩) ដោយក្រុមការងារបានចុះស្ទង់មតិផ្ទាល់ជាមួយភ្ញៀវបរទេសនៅព្រលានយន្តហោះ និងនៅតំបន់រមណីយដ្ឋានអង្គរ សម្ភាសន៍ជាមួយក្រុមអាជីវករទេសចរណ៍មួយចំនួន ព្រមទាំងបានចុះទៅសិក្សានៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗនៅក្នុងខេត្តដូចជា ក្នុងក្រុងសៀមរាប តំបន់ឧទ្យានជាតិភ្នំគូលែន តំបន់បឹងទន្លេសាប…និងបានជួបពិភាក្សាជាមួយរដ្ឋបាល ខេត្ត អាជ្ញាធរជាតិអប្សរា និងមន្ទីរ-អង្គភាពជំនាញមួយចំនួនក្នុងខេត្ត ។
នៅក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ អ្នកជំនាញការ ផ្នែកការអភិវឌ្ឃទេសចរណ៍ប្រកបដោយចីរភាពនិងបង្កើតធុរៈកិច្ចថ្មី បានលើកឡើងនៅក្នុងបទបង្ហាញស្តីអំពី ការវិភាគស្ថានភាពនិងអត្តចរឹកទីផ្សារទេសចរណ៍មកខេត្តសៀមរាប ចំណែកឯអ្នកជំនាញការរៀបចំក្រុង បានធ្វើបទបង្ហាញ ស្តីពីការរៀបចំទេសចរណ៍តំបន់សំខាន់ៗក្នុងខេត្តសៀមរាប ។ បទបង្ហាញទាំងពីរនេះ គឺជារបៀបវារៈ ដែលត្រូវបានអង្គសិក្ខាសាលាពិភាគ្សា ដើម្បីកសាងគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ៕ រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button