សាលាចំណេះដឹងទូទៅអន្តរជាតិឌូវី ប្រគល់ជូនវិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្ស

Share Button

បាត់ដំបងៈ សាលាចំណេះដឹងទូទៅអន្តរជាតិឌូវី បានរៀបចំ នៅពិធីប្រគល់ជូនវិញ្ញាបនបត្រ ហើយនិងសញ្ញាបត្រ ដល់សិស្សានុសិស្ស ដែលត្រូវបានបញ្ចប់កម្មវិធីសិក្សាឆ្នាំ២០១៨-២០១៩ កំរិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ព្រមជាមួយនិងការប្រគល់ជូននៅរង្វាន់សិស្សនិទ្ទេស A ចំនួន ២នាក់ និងនិទ្ទេស B ចំនួន៣នាក់ ក្រោមអធិបតី លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងលោកស្រី មាស ភីរុណ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំសម្រាប់កម្មវិធីសិក្សា របស់សាលាចំណេះដឹងទូទៅអន្តរជាតិឌូវី លោក ខែម រស្មី ស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុនឌូវីអន្តរជាតិបានបញ្ជាក់ថា៖ ឆ្នាំសិក្សា២០១៨-២០១៩ សាលាចំណេះដឹងទូទៅអន្តរជាតិឌូវីមានសិស្សសរុបចំនួន ១៦៥៧នាក់ ស្រីចំនួន៩៥៩នាក់ មាន៦១ថ្នាក់ ។ លទ្ធផលនៃការសិក្សា សិស្សចូលមធ្យមសិក្សាចំនួន ១០៣នាក់ ជាប់មធ្យមសិក្សាបឋមភូមិចំនួន ៧៨នាក់ ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៧០នាក់ ស្រីចំនួន៤២នាក់ ក្នុងនោះទទួលបាននិទ្ទេស A ចំនួន ២នាក់ និទ្ទេស B ចំនួន ៣នាក់ និទ្ទេស C ចំនួន ៤នាក់ និទ្ទេស D ចំនួន ១៦នាក់ និងនិទ្ទេស E ចំនួន ៤៥នាក់ ។ ចំពោះមតិសំណេះសំណាលរបស់លោកស្រី មាស ភីរុណ បានបញ្ជាក់ថា៖ ភាពជោគជ័យនៃការរៀនសូត្រ គឺមកពីកត្តាបុគ្គលហើយនិងកត្តាចូលរួមពីលោគ្រូ អ្នកគ្រូ នាយកគ្រប់គ្រង និងអាណាព្យាបាល ហើយកិច្ចខិតខំប្រឹងប្រែងនៃកត្តាទាំងអស់នេះ ទើបធ្វើឲ្យលទ្ធផលនៃកម្មវិធីសិក្សាទទួលបានភាពជោគជ័យ ។ ដោយឡែកប្រសាសន៍របស់លោក ស៊ូ អារ៉ាហ្វាត់ ក៏បានបង្ហាញថា៖ ភាពជោគជ័យនៃកម្មវិធីសិក្សា របស់សាលចំណេះដឹងទូទៅអន្តរជាតិឌូវី គឺស្របទៅនឹងកំណែទំរង់គោលនយោបាយកម្មវិធីសិក្សា របស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីការលើកកំពស់វិស័យឯកជន ដែលបានចូលរួមចំណែកយ៉ាងសកម្មវិនិយោគទុន ក្នុងវិស័យអប់រំដោយមានភាពប្រកួតប្រជែងទៅលើគុណភាព និងប្រសិទ្ធិភាព ៕ រូបភាពៈ លោក មៀច ណារ៉ា, អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Share Button