សម្ពោធអាគារសិក្សា អំណោយសប្បុរសជនអូស្ត្រាលី តាមរយៈនៃសកម្មភាពរបស់អង្គការមូលនិធិ កសាងអនាគតល្អប្រសើរ

Share Button

សៀមរាបៈ សន្តិភាព គឺជាកត្តាដ៏សំខាន់ ដែលជាមូលដ្ឋានក្នុងបង្កើតឲ្យមានបរិស្ថាននៃបរិយាកាសសង្គមមួយ បើកច្រកយ៉ាងទូលំទូលាយ ទទួលយកនូវការចូលរួមពីគ្រប់មជ្ឍដ្ឋាន លើវិថីនៃការអភិវឌ្ឍជាតិ ។ លើជ្រុងមួយនៅក្នុងកត្តាសន្តិភាពនេះ បណ្តាអង្គការអន្តរជាតិក្រៅរដ្ឋាភិបាលនានាមួយផ្នែក ក្នុងសកម្មភាពមនុស្សធម៌ ក៏មានឱកាសយ៉ាងពេញលេញ ដើម្បីបំពេញបេសកកម្មជាអន្តរជាតិរបស់ខ្លួន លើទឹកដីនៃមាតុភូមិកម្ពុជា ដែលធ្លាប់ទទួលរងវិនាសកម្មដោយរបបប្រល័យពូជសាសន៍ ។

ឯកឧត្តមបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប មានប្រសាសន៍គូសបញ្ចាក់យ៉ាងដូច្នេះ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សា ព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ក្នុងឱកាសនៃការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារសិក្សាមួយខ្នង ស្មើនឹង ៣បន្ទប់ ដែលជាអំណោយរបស់សប្បុរសជនអូស្តា្រលី តាមរយៈអង្គការមូលនិធិកសាងអនាគតល្អប្រសើរ ( BBFF ) ។

ប្រសាសន៍របស់ឯកឧត្តម ឧកញ៉ាតំណាងរាស្រ្តមណ្ឌលសៀមរាប ( សៀង ណាំ ) លើកឡើងថា នាយករដ្ឋមន្រ្តីកម្ពុជា ( សម្តេចតេជោ ហ៊ុន សែន ) បានចាត់ទុកវិស័យអប់រំ ជាវិស័យអទិភាពមួយ ក្នុងចំណោមវិស័យអទិភាពផ្សេងៗទៀត ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមនិងប្រទេសជាតិ ។ ក្នុងន៍យនេះដែរ ការអប់រំកសាងសមត្ថភាពកុមារតូចនៅថ្នាក់មត្តេយ្យសាលា និង ថ្នាក់បឋមសិក្សា គឺជាមូលដ្ឋាននៃការចាប់ផ្តើមមួយដ៏សំខាន់ក្នុងប្រព័ន្ធអប់រំសិក្សា ដើម្បីបង្កើតគ្រឹះរឹងមាំនិងសមត្ថភាពពេញលេញរបស់សិស្សកុមាតូច ឆ្ពោះទៅរកឱកាសនៃការបន្តការសិក្សាទទួលបានជោគជ័យនៅគ្រប់កម្រឹតសិក្សា ប្រកបដោយគុណភាពខ្ពស់ ដើម្បីក្លាយខ្លួនជាយុវជន-យុវនារីល្អ ជាអ្នកបន្តវេនដ៏ក្លៀវក្លាក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត ដែលភាសាសាមញ្ញក្នុងសង្គមខ្មែរនិយាយថា ( ទំពាំងស្នងឬស្សី ) នោះ ។

លោក Glen Winkler ប្រធានអង្គការមូលនិធិកសាងអនាគតល្អប្រសើរ ( BBFF ) ឲ្យដឹងថា ៖ BBFF ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចមួយមកកាន់ខេត្តសៀមរាប ដោយនាយកក្រុមហ៊ុន Kris Matzick និង នាយក Junior Cassandra ។ BBFF គឺជាអង្គការសប្បុរសធម៌ បំពេញការងារដោយស្ម័គ្រចិត្ត មានចក្ខុវិស័យដោយផ្តោតទៅការលើកកម្ពស់សុខុមាលភាព និង គាំទ្រលើវិស័យអប់រំសម្រាប់សហគមន៍ នៃ ប្រទេសកំពុងអភិវឌ្ឍ ។
បេសកកម្មរបស់ BBFF គឺត្រូវធ្វើការជាមួយសហគមន៍ដោយផ្ទាល់ ជួយដល់កុមារដែលកំពុងរស់នៅក្នុងគ្រួសារក្រីក្រ សម្រួលលទ្ធភាពឲ្យពួកគេទទួលបាននូវការអប់រំ បង្កើតចំណេះដឹងនិងជំនាញ ដែលទាំងនោះ វាជាការបង្កើតឱកាសឲ្យពួកគេ បានកសាងអនាគតល្អប្រសើរ ។ នៅក្នុងមូលដ្ឋានសហគមន៍ព្រៃធំនេះ កម្មវិធីរបស់ BBFF ត្រូវបានផ្តល់អាហារូបករណ៍សម្រាប់សិស្សដែលស្ថិតក្នុងគ្រួសារក្រីក្រចំនួន ១៥០នាក់ជារៀងរាល់ឆ្នាំ ដែលមិនត្រឹមតែជាឯកសណ្ឋានសិស្ស និងសម្ភារៈសិក្សាប៉ុណ្ណោះទេ តែត្រូវបានគិតគូរដល់បញ្ហាម្ហូបអាហារសម្រាប់សិស្សទាំងនោះផងដែរ ហើយលើសពីនេះ BBFF ត្រូវបានអនុវត្តកម្មវិធីរបស់ខ្លួន ជួយដល់សហគមន៍លើផ្នែកសុខុមាភាព តាមរយៈនៃការកសាងលទ្ធភាពប្រើប្រាស់ទឹកស្អាត រួមចំណែកជាមួយអាជ្ញាធរដែនដី កាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋក្នុងសហគមន៍គោលដៅ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ផងដែរ ៕ អត្ថបទ និងរូបភាពៈ លោក Ngin Kimleng

Share Button