សមាគមន៍គ្រីស្ទាន ខេត្តបាត់ដំបង សមាជិកចំនួន ៣៥និកាយបាន ប្រារព្ធពិធីបុណ្យណូអែល ជាថ្ងៃខួបកំណើតព្រះយេស៊ូគ្រីស្ទ

Share Button

សមាគមន៍គ្រីស្ទាន ខេត្តបាត់ដំបង ដែលមានសមាជិកចំនួន ៣៥និកាយបានផ្តួចផ្តើមគំនិតគ្នា
ប្រារព្ធពិធីបុណ្យណូអែលជាថ្ងៃខួបកំណើតព្រះយេស៊ូគ្រីស្ទ គម្រប់ខួប២០១៧ឆ្នាំ ឈានចូល ២០១៨ឆ្នាំ នៅសាលមហោស្រពស្ទឹងសង្កែរ ក្រុងបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតី ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាតដំបង, ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរងខេត្តបាត់ដំបង និងដោយមានការអញ្ចើញចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្ត អង្គការជាតិ អន្តរជាតិ គ្រីស្ទបរិស័ទ ។
លោក លឹម ផាន្នី ប្រធានសមាគមន៍គ្រីស្ទានខេត្តបាត់ដំបង បានអានរបាយការណ៍សង្ខេបស្តីពីសមាគមន៍ដោយបញ្ជាក់ថា៖ សមាគមន៍ធ្វើបានសម្រេចនូវកិច្ចការក្នុងឆ្នាំ២០១៦-២០១៧ រួមសមាជិកចំនួន៣៥ និកាយ អង្គការក្នុងស្រុក និងក្រៅស្រុក ហើយសមាគមន៍បង្កើតឡើងក្នុងគោលបំណងបង្រួបបង្រួមគ្រីស្ទបរិស័ទ និងបានបណ្តុះបណ្តាលធនធានមនុស្ស ជាអ្នកដឹកនាំរួមទាំងគ្រូគង្វាល ដើម្បីឲ្យមានខ្នាតគំរូដ៏ត្រឹមត្រូវ ។
ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានមានប្រសាសន៍កោតសរសើរចំពោះប្រធានសមាគមន៍គ្រីស្ទានខេត្តបាត់ដំបង ដែលបានផ្តួចផ្តើមគំនិតនេះឡើង ដើម្បីរលឹកខួបអនុស្សាវរីយ៍ពិធីបុណ្យណូអែលជាខួបកំណើតព្រះយេស៊ូគ្រីស្ទ ហើយពិធីបុណ្យនេះ គ្រីស្ទបរិស័ទបានយកចិត្តទុកដាក់ជាខ្លាំង ដោយប្រារព្ធនៅបណ្តាគេហដ្ឋាន ព្រះវិហារ សហគមន៍ និងអង្គការគ្រីស្ទដោយខានមិនបានជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវការដឹងគុណ ក្តីស្រលាញ់របស់ព្រះយេស៊ូគ្រីស្ទ ព្រមជាឱកាសមួយសម្រាប់គ្រីស្ទបរិស័ទទាំងអស់ បង្កើនសាមគ្គីភាព មិត្តភាពជាបងប្អូន និងជាកិច្ចសហប្រតិបត្តការរវាងគ្នា និងគ្នា ក្នុងជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តម ផ្លោក ផន មានប្រសាសន៍ដោយធ្វើការវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមន៍គ្រីស្ទានខេត្តបាត់ដំបង ក្នុងធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មនៅមូលដ្ឋាន ដោយជួយប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ទុរគតជន យកមកចិញ្ចឹមបីបាច់ថែរក្សា បង្កើតអាគារសម្រាប់សិស្សនិស្សិតស្នាក់នៅ ចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំ ដើម្បីឲ្យសិស្សនិស្សិតទទួលបានចំណេះដឹង បទពិសោធន៍ និងជំនាញយកទៅប្រកបមុខរបរចិញ្ចឹមជីវិត ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសកម្មភាពទាំងនេះជាការចូលរួមយ៉ាងសកម្មបំរើការមនុស្សធម៌ក្នុងសង្គមក៏ដូចជាការអភិវឌ្ឍន៍ប្រទេសជាតិឲ្យការរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ ៕
អត្ថបទៈ លោក នៅ សុខរ័ត្ន

Share Button