វគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា

Share Button

សៀមរាបៈ ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា មាន Address www.accommodationregistar.net ដែលក្រសួងទេសចរណ៍ដាក់ឲ្យប្រើប្រាស់ក្នុងសេវាកម្មសណ្ឋាគារ-ផ្ទះសំណាក់នោះ មានសារសំខាន់ក្នុងគោលបំណង រក្សាទុកទិន្នន័យរាល់ការស្នាក់នៅរបស់ភ្ញៀវទេសចរសម្រាប់ការធ្វើអាជីវកម្ម ឬក៏ដើម្បីមូលហេតុសន្តិសុខសុវត្ថិភាពក្នុងការស្នាក់នៅ និងជាប្រយោជន៍ផងដែរ ដើម្បីទទួលបានសំណូមពររបស់ភ្ញៀវដែលបានស្នាក់នៅ ហើយដែលជាពិសេសនោះ គឺដើម្បីគ្រប់គ្រងបម្រែបម្រួលនៃតម្រូវការបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរ ។
នេះបើយោងតាមបទឧទ្ទសនាមរបស់វាគ្មិន មកពីការិយាល័យសេវាកម្មផ្ទះភ្ញៀវ និងវាគ្មិនមកពីនាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍និងម្ហូបអាហារ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា ដែលបានធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងដោយភ្ជាប់ជាមួយ ទៅនឹងការផ្សព្វផ្សាយអនុវត្ត ស្តីពីចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ សន្តិសុខល្អ ផងដែរ ។

ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ថ្លែងថា ៖ ការដាក់ចេញឲ្យប្រើប្រាស់ ការចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធអនឡាញ វាជាប្រព័ន្ធថ្មីមួយទៀត បន្ទាប់ពីក្រសួងទេសចរណ៍បានប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យមគ្គុទ្ទេសក៍ទេសចរណ៍ ដោយប្រើ QR Code ដោយផ្អែកលើច្បាប់ស្តីអំពីទេសចរណ៍ ។
ឯកឧត្តមបញ្ចាក់ថា សារសំខាន់នៃការប្រើប្រាស់ ការចុះបញ្ជីស្នាក់នៅទេសចរណ៍កម្ពុជា តាមប្រព័ន្ធអនឡាញ វាមិនត្រឹមតែអាចជួយដល់វិស័យឯកជនប៉ុណ្ណោះទេ តែក្រសួងទេសចរណ៍ ក៏អាចពិនិត្យមើលឃើញលើទិដ្ឋភាពទីផ្សារទេសចរណ៍ផងដែរ ដែលក្នុងនោះវាត្រូវបានបង្ហាញច្បាស់ថា តើប្រភពភ្ញៀវទេសចរមកប្រទេសណាខ្លះ ដើម្បីរៀបចំកំណត់ផែនការ កម្មវិធីផ្សព្វផ្សាយទេសចរណ៍ឲ្យបានចំគោលដៅ ។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍នេះ ក៏មានផលប្រយោជន៍ផងដែរ ទៅលើការគ្រប់គ្រងទិន្នន័យ សម្គាល់ដឹងអំពីអត្តចរឹក-តម្រូវការរបស់ភ្ញៀវ ដើម្បីទាញយកការវិភាគ រៀបចំគោលនយោបាយសំខាន់ៗ ដោយដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ឆ្លើយតបទាន់ពេលវេលា ជួយដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ។
ឯកឧត្តម បានបន្តឲ្យដឹងដែរថា ៖ ការចុះបញ្ជីស្នាក់នៅទេសចរណ៍តាមប្រព័ន្ធអនឡាញ ជាផ្នែកមួយនៅក្នុងចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ សន្តិសុខល្អ ។ ចលនាប្រឡងប្រណាំងនេះ ជាទូទៅ គឺស្ថិតក្នុងបំណងសំដៅជម្រុញ លើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ ឲ្យខិតខំប្រឹងប្រែងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ស្របតាមនិន្នាការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ចូលរួមដល់កិច្ចអភិរក្សវប្បធម៌ ប្រពៃណី និងចូលរួមថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ បដិសណ្ឋារកិច្ចល្អ និងសន្តិសុខល្អ គឺជាពាក្យស្លោក នៃយុទ្ធនាការ ( ទីក្រុងស្អាត ទីក្រុងដែលមានសុវត្ថិភាព ) ៕
រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button