រំលឹកខួបថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

Share Button

បាត់ដំបងៈ គណបក្សប្រជាជនកម្ពុជាឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ធ្វើការរៀបចំនូវទិវាអបអរសាទរ ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ឃុន សំបូរ សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាគ្រាម នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ។ ហើយការរំលឹខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩ នេះដែរ គណបក្សប្រជាជនកម្ពុជាឃុំតាគ្រាមក៏ដូចជាគណបក្សប្រជាជនកម្ពុជា នៅទូទាំងប្រទេសផងដែរ បានធ្វើការអាននូវខ្លឹមសារសុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមជាមួយនិងសេចក្តីប្តេជ្ញាចិត្ត ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជាឃុំតាគ្រាម ឲ្យបានដឹងអំពីវីរៈភាពរបស់វរៈយុទ្ធជន វរៈយុទ្ធនារី ឥស្សរជន ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើការតស៊ូធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ ។
ដោយឡែកមតិសំណេះសំណាលរបស់ឯកឧត្តម ឃុន សំបូរ បានធ្វើការបញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជា បានអនុវត្តតាមគោលនយោបាយ និងបាវចនារបស់ខ្លួន ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនៈភាពសង្គម ។ ដូចនេះ យើងទាំងអស់គ្នាត្រូវពិនិត្យមើលស្ថានភាព អតីតកាលហើយនិងបច្ចុប្បន្ន នៅលើផ្លូវដែលគណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរឆ្លងកាត់តាមដំណាក់នីមួយៗឆ្ពោះមករកការផ្សះផ្សារបង្រួបបង្រួមជាតិ ធ្វើឲ្យមានឯករាជ្យ សុខសន្តិភាព កសាងស្ថេរភាពនយោបាយព្រមទាំងកម្មវិធីកំណែទំរង់ ដើម្បីធ្វើឲ្យកម្ពុជាទទួលបានភាពរីកចំរើន ។

ឯកឧត្តម ឃុន សំបូរ បានបន្តទៀតថា៖ គណបក្សប្រជាជនកម្ពុជា បានបន្តធ្វើការយកចិត្តទុកដាក់ដោះស្រាយបញ្ហាលំបាកប្រឈមនានា ជូនប្រជាពលរដ្ឋព្រមជាមួយ និងការកែសំរួលកិច្ចការផ្ទៃក្នុង ដើម្បីបន្តនូវនិរន្តរភាពសម្រាប់ភាពជោគជ័យ របស់គណបក្សប្រជាជនកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត ។ ហើយលទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសំរេចបាន គឺការកសាងស្ថេរភាពនយោបាយ ការកសាងនូវរាល់សមិទ្ធិផលនានា ការធ្វើសមាហរណកម្មកម្ពុជា ចូលទៅក្នុងតំបន់ និងអន្តរជាតិ ការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ៕ រូបភាពៈ លោក មៀច ណារ៉ា, អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Share Button