មហោស្រពសិល្បៈចម្រៀងខ្មែរជាសកលថ្នាក់ខេត្ត លើកទី៥ ឆ្នាំ២០១៩ នៅសៀមរាប

Share Button

សៀមរាបៈ មានបេក្ខជន-បេក្ខនារី ចំនួន៥៥នាក់ ក្នុងនោះមានបេក្ខនារីចំនួន១៦នាក់ បានចូលរួមបង្ហាញទេព្យកោសល្យរបស់ខ្លួន នៅក្នុងកម្មវិធីមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលថ្នាក់ខេត្ត លើកទី៥ ឆ្នាំ២០១៩ ។ ដំណើរការនៃមហោស្រពនេះ ធ្វើឡើងពេញមួយថ្ងៃ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសម្តែង សាលាវិចិត្រសិល្បៈភូមិភាគខេត្តសៀមរាប ។
កម្មវិធីបញ្ចេញទេព្យកោសល្យរបស់បេក្ខជន-បេក្ខនារីនៅក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលសម្រាប់ថ្នាក់ខេត្តនៅសៀមរាប គឺជាការប្រជែងជ្រើសរើសតាមទម្រង់សិល្បៈចម្រៀងជាច្រើនប្រភេទ ដូចជាបទចម្រៀងសម័យទសវត្សរ៍ឆ្នាំ៥០-៦០ ចម្រៀងប្រពៃណី មហោរី បាសាក់ និង យីកេ ។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប លើកឡើងថា ៖ ការរៀបចំមហោស្រពនេះ គឺជាការលើកកម្ពស់ស្មារតីប្រជាជន មហាជន ពិសេសយុវជនដែលជាអ្នកបន្តវេន ឲ្យកាន់តែមានការយល់ដឹងខ្ពស់បន្ថែមទៀតអំពីតម្លៃពិតនៃវប្បធម៌ គោរពដឹងគុណបុព្វការីជន គ្មានការរើសអើងដែលជាមូលដ្ឋានគ្រឺះនៃក្តីស្រឡាញ់ ។ វប្បធម៌គឺជាដួងព្រលឹង ជាអត្តសញ្ញាណប្រកបដោយកិត្យានុភាពជាតិ ជាមរតកប្រកបដោយសក្តានុពលដ៏ធំធេងបំផុត ក្នុងការរួមចំណែកអភិវឌ្ឍជាតិ និងជាមូលដ្ឋានក្នុងនៃការផ្សាភ្ជាប់ទំនាក់ទំនងរឹងមាំ ពីសង្គមមួយទៅសង្គមមួយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដើម្បីរួមរស់ជាមួយគ្នាប្រកបសុខដុមភាព ។ ដូចដែលកម្មវិធីត្រូវបានបង្ហាញ បទចម្រៀងដែលត្រូវលើកយកមកប្រកួតប្រជែងទេព្យកោសល្យរបស់បេក្ខជននិងបេក្ខនារី ត្រូវបានអនុញ្ញាតិដាក់បញ្ជូលដោយវណ្ណកម្មនៃមរតកបទចម្រៀង ។

បេក្ខជន-បេក្ខនារី ដែលត្រូវបានចូលរួមក្នុងកម្មវិធីប្រឡងប្រជែងទេព្យកោលសល្យ ក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលលើកទី៥នេះ ត្រូវបានជ្រើសរើសយក ចាប់ពីអាយុ១៨ឆ្នាំ ដល់៥០ឆ្នាំ ។ ការប្រឡងចម្រៀងនេះ មានការចូលរួមជាគណៈមេប្រយោគដោយមន្រ្តីជំនាញ មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ ក្នុងប្រភេទនៃសិល្បៈចម្រៀងប្រកួតប្រជែង រួមមានចម្រៀងសម័យ ប្រពៃណី មហោរី បាសាក់ និង យីកេ ត្រូវបានជ្រើសរើសយកបេក្ខជនទទួលជ័យលាភី ចាប់ពីលេខ១ ដល់លេខ៣ ក្នុងនេះមានតែបេក្ខជនឬបេក្ខនារីជាប់ចំណាត់ថ្នាក់លេខមួយប៉ុណ្ណោះ ដែលមានឱកាសបន្តទៅចូលរួមប្រកួតប្រជែង ក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរជាសាកលថ្នាក់ជាតិ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាពាក់កណ្តាលខែតុលា ឆ្នាំ២០១៩ ខាងមុខ នៅរាជធានៅភ្នំពេញ ៕ រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button