មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលសាធារណៈ​ ដែលប្រឈមដោយជំនន់ទឹកភ្លៀង

Share Button

សៀមរាបៈ ក្រោយពីមានជំនន់ទឹកភ្លៀងនៅស្រុកអង្គជុំនៃខេត្តសៀមរាបកន្លងមក ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយមន្រ្តីនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល និងប្រតិភូក្រុមគ្រូពេទ្យជាច្រើនរូបទៀត នាំយកឱសថ បរិក្ខាពេទ្យ ឱសថប្រឆាំងពិសពស់ទាំង២មុខ ឱសថគ្លរ៉ាមីន ផ្តល់ជូនមន្ទីរពេទ្យបង្អែកអង្គរជុំ រួមទាំងកញ្ចប់អនាម័យគ្រួសារ ដែលក្នុងនោះសរុបរួមមានចំនួន៣៣មុខ ដូចជាមុងជ្រលក់ថ្នាំ គ្លរ៉ាមីន សៀវភៅអប់រំសុខភាព ច្រាសនិងថ្នាំដុះធ្មេញ សាប៊ូដុសខ្លួននិងម្សៅសាប៊ូ ថ្នាំលាបការពារមូសជាដើម សម្រាប់ចែកជូនប្រជាពលរដ្ឋប្រមាណជាង ៣០០គ្រួសារ ដែលរងគ្រោះនៅក្នុងព្រឹត្តិការណ៍ជំនន់ទឹកភ្លៀងនោះ ។
នេះគឺជាដំណើរបំពេញការងាររបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ដើម្បីពិនិត្យមើល អំពីស្ថានភាពមូលដ្ឋានសុខាភិបាលសាធារណៈដែលកំពុងប្រឈមដោយទឹកជំនន់ ។ ការអនុវត្តនៅក្នុងបេសកកម្មនេះ គឺផ្អែកតាមអនុសាសន៍របស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលផ្តោតជាសំខាន់ទៅលើបញ្ហាបំរើសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងស្ថានភាពប្រឈមការរងគ្រោះដោយទឹកជំនន់ ។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ៖ មន្រ្តីសុខាភិបាលនិងគ្រូពេទ្យរដ្ឋទាំងអស់ មិនអាចនិយាយថា ករណីទឹកជំនន់ជាករណីរងគ្រោះរបស់ខ្លួនបាននោះទេ តែវាគ្រាន់តែជាបញ្ហាប្រឈមរបស់ខ្លួនប៉ុណ្ណោះ ដែលត្រូវតែមានដំណោះស្រាយ ដើម្បីធានាឲ្យបានរាល់តម្រូវការរបស់អ្នកជម្ងឺ ឬជនរងគ្រោះ ។
ពិធីជួបជុំផ្តល់ឱសថ សម្ភារៈ-បរិក្ខាពេទ្យ និងសួរសុខទុក្ខប្រជាពលរដ្ឋជាង៣០០គ្រួសារនេះ បានធ្វើឡើងនៅសាលាឃុំដូនពែង ។ មន្ទីរពេទ្យបង្អែកអង្គរជុំ ពុំទាន់បានរៀបចំឲ្យប្រសើរឡើងឡើងវិញនោះទេ ក្រោយពីបានជួបគ្រោះធម្មជាតិ ( ជំនន់ទឹកភ្លៀង ) កាលពីថ្ងៃទី២៣និង២៤ ខែកញ្ញាកន្លងមកនោះ ។ អ្នកជម្ងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរជុំ ត្រូវបានជម្លាសយកទៅបន្តការព្យាបាលនៅមណ្ឌលសុខភាពចារឈូក និងនៅមន្ទីរពេទ្យបង្អែកពួក ដោយមានអន្តរាគមន៌ពីមន្ទីរសុខាភិបាលខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាននៅថ្នាក់ខេត្ត និងស្រុក ។ មកដល់ថ្ងៃទី២៦ ខែកញ្ញានេះ មានអ្នកជំងឺមួយចំនួន ក្រោយពីទទួលការព្យាបាលពីសំណាក់គ្រូពេទ្យ បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញហើយ ។
សូមបញ្ជាក់ដែរថា នៅក្នុងដំណើរបំពេញការងារនេះ លោកជំទាវបានចូលពិនិត្យមើល ការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពចារឈូក និងនៅមន្ទីពេទ្យបង្អែកពួក ផងដែរ ៕ រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button