ប្រាសាទភ្នំបាខែង គោលដៅទេសចរណ៍ដ៏ដ៏ទាក់ទាញ សម្រាប់ការទស្សនាទេសភាពពីលើកំពូលភ្នំ និង ទស្សនាព្រះអាទិត្យរៀបអស្តង្គត

Share Button

សៀមរាបៈ នៅលើកំពូលភ្នំនៃប្រាសាទបាខែង មានភ្ញៀវទេសចរដែលភាគច្រើនជាជនបរទេស ប្រមាណជាជិត ១ពាន់នាក់ ឡើងទៅទស្សនាទេសភាពដ៏ស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរពីលើកំពូលភ្នំ និង ចង់ឃើញប្រាសាទភ្នំមួយនេះ ព្រមទាំងទស្សនាទេសភាពព្រះអាទិត្យរៀបអស្តង្គត ។ អាជ្ញាធរជាតិអប្សរា បានកំណត់អនុញ្ញាតិឲ្យមានវត្តមានភ្ញៀវនៅលើប្រាសាទភ្នំមួយនេះ តែ ៣០០ នាក់ប៉ុណ្ណោះ ។ មានមូលហេតុជាច្រើន ដែលអាជ្ញាធរអប្សរា មានគោលការណ៍កំណត់បែបនេះ ដូចជា ដើម្បីសុវត្ថិភាពភ្ញៀវ ចៀសវាងផលប៉ះពាល់កិច្ចការថែទាំ អភិរក្សប្រាសាទ ខណៈដែលប្រាសាទបាខែង កំពុងដំណើការជួសជុល ផងដែរ ។


លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងយ៉ាងដូច្នេះ កាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ។ លោកបង្ហាញឲ្យដឹងថា គឺពិតជាមិនអាចហាមឃាត់នូវភាពទាក់ទាញនៃប្រាសាទភ្នំបាខែង ដែលភ្ញៀវកំពុងតែពេញចិត្តនិងចាប់អារម្មណ៍នោះបានទេ ។ គឺជាដំណោះស្រាយ ឆ្លើយតបទៅនឹងចំនួនភ្ញៀវទេសចរប្រចាំថ្ងៃ ដែលមានបំណងឡើងទៅទស្សនាលើភ្នំប្រាសាទបាខែង អាជ្ញាធរជាតិអប្សរាបានដាក់ឲ្យអនុវត្ត ទី១ គឺបានសាងសង់ទីកន្លែងសំចត សម្រាប់ជូនភ្ញៀវទស្សនាព្រះអាទិត្យរៀបលិច ដោយមិនចាំបាច់ឡើងលើប្រាសាទ ។ ទី២ គ្រប់ចំនួនភ្ញៀវដែលមានវត្តមាន លើប្រាសាទចំនួន៣០០នាត់ ត្រូវបានបញ្ឈប់ការឡើងបន្ត ។ ភ្ញៀវដែលមានបំណងឡើងទៅលើប្រាសាទភ្នំខែង ត្រូវបានរង់ចាំផ្លាស់វេន គឺមានភ្ញៀវចុះមកវិញ ទើបមានការអនុញ្ញាតិ ឲ្យមានភ្ញៀវឡើងបន្ត ។

កញ្ញា លី សៀវហួរ ជាអ្នកទេសចរជនជាតិចិន ដែលបានឡើងទៅទស្សនាថ្ងៃលិចនៅលើភ្នំបាក់ខែង និយាយថា ពេញចិត្តយ៉ាងខ្លាំងចំពោះទិដ្ឋភាពនៅលើភ្នំបាក់ខែងនេះ ពេលឡើងដល់លើប្រាសាទ អាចមើលឃើញកំពូលប្រាសាទអង្គរ ជាមួយនឹងកម្រាលព្រៃឈើ វាលស្រែ ដើមត្នោត ទេសភាពស្រុកខ្មែរ ផ្ទៃមេឃពណ៌មាសនៅពេលព្រះអាទិត្យរៀបលិច ជះពន្លឺមកលើប្រាសាទបូរាណ និងមនុស្សទាំងអស់នៅលើប្រាសាទ វាហាក់ដូចជាបានស្ថិតនៅលើឋានសួគ៌ ។ គឺពិតជារំភើបក្នុងភាពដ៏អស្ចារ្យ មិនដែលបានជួបប្រទះទេពីមុនមក ខុសពីទីនេះ គឺមិនអាចមានដូច្នេះទេ ។
ភ្នំបាខែងមានកំពស់៦៥ម៉ែត្រ នៅលើកំពូលភ្នំ មានប្រាសាទបុរាណ តំណាងឱ្យភ្នំកៃលាស សម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដែលជាអទិទេពនៃព្រហ្មញ្ញសាសនា ។ ប្រាសាទនេះ កសាងដោយអតីតព្រះមហាក្សត្រព្រះនាម យសោរវរ្ម័ន នៅចន្លោះចុងសតវត្សទី៩ និង ដើមសតវត្សទី១០នៃគ្រីស្តសករាជ ៕ រូបភាព និងអត្ថបទៈ លោក Ngin Kimleng


Share Button