បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្រុងសៀមរាប

Share Button

សៀមរាបៈ ឯកឧត្តម ទៀសីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានអានទាំងស្រុង នូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យ១០ មករា ១៩៧៩ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
កថាខ័ណ្ឌដំបូងនៃសារលិខិត ដែលបង្កប់ដោយអត្ថន័យដ៏ជ្រាលជ្រៅនោះ បានបង្ហាញថា ៖ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមសប្បាយរីករាយ ជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ក្មួយៗសិស្សានុសិស្សទាំងអស់គ្រប់ភូមិសិក្សា ដែលបាននិងកំពុងសស្រាក់សស្រាំ រៀបចំខ្លួនអបអរសាទរ ថ្ងៃផ្តើមជីវិតសិក្សាដំបូងរបស់កូន ក្មួយ ចៅតូចៗ ដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃដែលក្មួយៗសិស្សានុសិស្ស និស្សិត បន្តចូលរៀននៅកម្រឹតថ្នាក់ខ្ពស់បន្តទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងមនោសញ្ចេតនារីករាយ កក់ក្តៅ និងមោទនភាពបំផុត ។

ឯកឧត្តម មានប្រសាសន៍ថា ៖ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ បង្កប់ដោយក្តីស្រឡាញ់ និងយកចិតទុកដាក់ចំពោះការរៀនសូត្ររបស់សិស្ស-និស្សិត ដើម្បីពួកគេក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព មានអនាគតល្អ និងជាសសរទ្រូងនៃប្រទេសជាតិ ។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិត នៃ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី តែងតែបានគិតគូរយកចិត្តទុកដាក់អភិវឌ្ឍលើគ្រប់វិស័យ ក្នុងនេះវិស័យអប់រំ យុវជន និងកីឡា ត្រូវបានចាត់ទុកជាអទិភាព លើគោលដៅនៃការកសាងមូលធនមនុស្ស បំរើឲ្យការអភិវឌ្ឍប្រទេសជាតិ ។ សម្តេចតេជោ ហ៊ុន សែន តែងតែបានចូលរួមគ្រប់ពិធីដែលទាក់ទងទៅនឹងការងារអប់រំសិក្សាធិការជាតិ ដូចជាពិធីប្រគល់សញ្ញាបត្រដល់និស្សិតជាដើម និងមានសកម្មភាពជាច្រើនទៀត សម្រាប់ការជម្រុញឲ្យវិស័យអប់រំធានាបាននូវការរីកចំរើន ។
ការជួយឧបត្ថម្ភដ៏ថ្លៃថ្លានៃសម្តេចតេជោ លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ ដូចជាការកសាងអាគារសិក្សា បណ្ណាល័យ ទីលានកីឡាសិស្សជាដើម គឺជាចំណែកដ៏ធំមួយ ដែលត្រូវបានបំពេញតម្រូវការរបស់សាលា និងបំពេញឲ្យតម្រូវការរៀនសូត្រយកចំណេះដឹង និងហាត់ប្រាណដើម្បីសុខភាពរបស់សិស្ស ។
សារលិខិតរបស់សម្តេចតេជោ ក៏បានអំពាវនាវផងដែរ សូមឲ្យមាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ ត្រូវនាំគ្នាបញ្ជូនកូនចៅ ទៅចុះឈ្មោះចូលរៀននៅដើមបវេសនកាលឆ្នាំសិក្សាថ្មីនេះ ឲ្យបានគ្រប់ៗគ្នា ៕
រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button