បិទបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីគម្រោងរៀបចំផែនការមេ អភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប

Share Button

សៀមរាបៈ អាចសម្រេចបាន តាមទស្សនវិស័យនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប ត្រូវកំណត់វិសាលភាពរួមមួយ គឺរួមបញ្ចូលទាំងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ក្នុងពេលដែលបច្ចុប្បន្ននេះ ការទស្សនាប្រាសាទអង្គរ គឺជាមូលហេតុចម្បងតែមួយគត់ របស់ភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាប ។ ផែនការមេនេះ ត្រូវធ្វើការសិក្សា និងកំណត់ឲ្យបាននូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីបង្កើនភាពទាក់ទាញ នៃតំបន់សៀមរាបទាំងមូលនិងតំបន់ជុំវិញ ដែលមានលើសពីការទស្សនាប្រាសាទ ដោយត្រូវផ្សារភ្ជាប់ជាមួយសកម្មភាពកំសាន្តដ៏សំបូរបែប ផ្សេងៗទៀត។
ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកបង្ហាញយ៉ាងដូច្ចេះ នៅក្នុងឱកាសបិទអង្គសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីគម្រោងរៀបចំផែនការមេ អភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ហើយឯកឧត្តមក៏បានបញ្ជាក់ដែរថា៖ ខេត្តសៀមរាបត្រូវពង្រឹងលក្ខណសម្បត្តិរបស់ខ្លួន សម្រាប់ចាប់យកកាលានុវត្តភាពដែលមានលើទីផ្សារអន្តរជាតិ និងត្រៀមខ្លួនឲ្យបានរួចរាល់ចំពោះបញ្ហាប្រឈមថ្មីៗ ដូចជាភាពតានតឹងនយោបាយ និងសេដ្ឋកិច្ចពិភពលោក ។ សង្ឃឹមថា ការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប នឹងក្លាយជាយន្តការដ៏មានសារសំខាន់ ចាំបាច់ សម្រាប់ការឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន និងអនាគត គឺសម្រាប់ចក្ខុវិស័យ ឆ្នាំ២០៣៥ ។
ឯកឧត្តមបញ្ជាក់ថា ៖ គម្រោងផែនការមេ អភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប នឹងត្រូវបានអនុវត្តរយៈពេល១៥ឆ្នាំ ( ឆ្នាំ២០២០-២០៣៥ ) ដោយកំណត់ថា ខេត្តសៀមរាបជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ។ ផែនការមេនេះ រៀបចំឡើងដោយផ្អែកលើអភិក្រមជាគោលចំនួន២ គឺ ទី១ ការគ្រប់គ្រងប្រកបដោយនិរន្តរភាព ទៅលើសម្បត្តិបេតិកភ័ណ្ឌទាំងរូបី និងអរូបី ក្នុងគុណតម្លៃដ៏វិសេសវិសាលបំផុត ទី២ ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវនិងបរិយាប័ន្ន ដែលមានការគិតគូរដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គម សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ។
គួរបញ្ជាក់ដែរថា គម្រោងរៀបចំផែនការមេនេះ មានចំនួន៣ជំហ៊ាន ។ ជំហ៊ានទី១ គឺការរៀបចំឯកសារបច្ចេកទេស ជំហ៊ានទី២ គឺការចុះសិក្សាស្រាវជ្រាវ និងវិភាគទន្នន័យស្ថានភាព និងរៀបរៀងជាផែនការមេដែលមានជាយុទ្ធសាស្រ្ត និងជំហ៊ានទី៣ គឺជាតំណាក់កាលនៃការអនុវត្តផែនការមេនេះ ។
សិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ គឺស្ថិតក្នុងដំណើរនៃជំហ៊ានទី២ ហើយបន្ទាប់ពីកិច្ចប្រជុំនេះ នាពាក់កណ្តាលខែតុលាខាងមុខ ក្រុមការងារលេខាធិការដ្ឋានអន្តរក្រសួង នឹងទៅចូលរួមសរសេរសេចក្តីព្រាងទី១នៃផែនការមេនេះ នៅទីក្រុងទូលូស(ប្រទេសបារាំង) ។ ចុងបញ្ចប់នៃបេសកកម្មនេះ ក្រុមការងារនឹងយកពង្រាងផែនការមេនេះ មកបង្ហាញសុំការគាំទ្រពីគណកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារនិងអភិវឌ្ឍតំបន់ប្រវត្តិសាស្រ្តអង្គរ ដែលហៅកាត់ថា ICC-Angkor មុននឹងដាក់ជូនគណកម្មការអន្តរក្រសួង និងពិគ្រោះយោបល់ជាលើកចុងក្រោយ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ។ សម្រេចចុងក្រោយ គឺការដាក់សុំអនុម័ត ពីរាជរដ្ឋាភិបាល ដើម្បីអនុវត្ត ៕
រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button