តំណាងរាស្រ្តមណ្ឌលសៀមរាប និងក្រុមការងារចុះជួយស្រុកក្រឡាញ់ ចែកអំណោយដល់គ្រួសារប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង

Share Button

សៀមរាបៈ ស្ថានភាពជំនន់ទឹកភ្លៀង ដែលកើតឡើងទៅលើបណ្តាឃុំចំនួន៣នៅស្រុកក្រឡាញ់នៃខេត្តសៀមរាប បានថយចុះទៅវិញបន្តិចហើយ បើធៀបទៅនឹងស្ថានភាពនៃជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗកាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ ។ កត្តាធាតុអាកាស ដែលមិនបង្ករឲ្យមានភ្ឡៀងធ្លាក់បន្តទៀត វាជាអំណោយផលនៃធម្មជាតិ ជួយឲ្យក្តីព្រួយបារម្ភកាលពី២ថ្ងៃមុន មានសភាពធូរស្រាលបន្តិចឡើងវិញ អំពីបញ្ហាខូចខាតស្រូវស្រែប្រជាពលរដ្ឋនោះ ។
នេះបើយោងតាម ការតាមដានពិនិត្យជាក់ស្តែងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមវត្តមានរបស់ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកក្រឡាញ់ និងអាជ្ញាធរដែនដី ដោយភ្ជាប់ជាមួយទៅនឹងការនាំយកអំណោយមួយចំនួន ទៅចែកជូននិងបានជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះចំនួន ៤៤០គ្រួសារ រស់នៅភូមិរើល និងមកពីភូមិព្រៃខ្យង និងភូមិគោកចំបក់ នៃឃុំក្រូចគរ ។

ប្រសាសន៍របស់ឯកឧត្តមតំណាងរាស្រ្ត និងជាប្រធានក្រុមការងារចុះជួយស្រុកក្រឡាញ់ បង្ហាញថា ៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់អាជ្ញាធរដែនដីនិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ។ ការរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គឺជាក្រមសីលធម៌របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានក្លាយជាប្រពៃណីមួយ ក្រោមទស្សនទាន ( សិល្បៈនៃការចែករំលែក ) ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ( សម្តេចតេជោ ហ៊ុន សែន ) បានតម្កល់ទុកផលប្រយោជន៍ប្រជារាស្រ្ត និងសុខទុក្ខប្រជាពលរដ្ឋជាកត្តាចម្បង ក្នុងផែនទីដឹកនាំប្រទេសជាតិ ។ យ៉ាងណាក៏ដោយ ការការពារនិងពង្រឹងខឿនគ្រឹះសន្តិភាព គឺជាកាតព្វកិច្ចចូលរួមរបស់ពលរដ្ឋកម្ពុជាគ្រប់ៗរូប ដើម្បីរក្សាបាននូវទស្សនទានខាងលើ និងឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិទាំងមូល ។
ឯកឧត្តមបញ្ជាក់ថា ៖ ពិតណាស់ថា ការចែកអំណោយទាំងនេះ ជាផ្នែកមួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះ ក៏ប៉ុន្តែជាបំណងដ៏សំខាន់ផងដែរ គឺការតាមដានស្ថានទឹកជំនន់ ថាតើវាមានបញ្ហាប្រឈមធ្វីខ្លះដែលត្រូវដោះស្រាយបន្តទៀត ?
លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បានបង្ហាញឲ្យដឹងថា ៖ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញានេះ ស្ថានភាពជំនន់ទឹកភ្លៀង ដែលទម្លាក់មកពីស្រុកអង្គរជុំកាលពីព្រឹកថ្ងៃទី២៤កន្លងទៅ កំពុងនៅមានការបង្ករផលប៉ះពាល់ លិចស្រូវវស្សានៅឃុំចន្លាសដៃ ជាង៣០០ហិចតា លិចស្រូវនៅឃុំស្នួលជាង ១ ៣០០ហិចតា នៅឃុំក្រូចគរ ៤០០ហិចតា ហើយលើសពីនេះ នៅមានផលប៉ះពាល់ផ្លូវ ស្ពាន និងទំនប់ទឹកមួយចំនួនផងដែរ ។ លោកស្រីបញ្ជាក់បន្ថែមថា នេះគ្រាន់តែជារបាយការណ៍នៃផលប៉ះពាល់ប៉ុណ្ណោះ សម្រាប់របាយការណ៍ ស្តីការខូចខាតមិនទាន់មានវាយតម្លៃនៅឡើយនោះទេ ដោយសារតែស្ថានភាពជំនន់ទឹកភ្ញៀង មិនទាន់ស្ងប់ស្ងាត់ជាប្រក្រតីនោះ ៕ រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button