ជួបជុំអតីតនិស្សិតលើកទី១ នៃសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប

Share Button

សៀមរាបៈ រាត្រីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ដើម្បីអបអរសាទរទិវាគ្រូបង្រៀនពិភពលោក អតីតនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ (BBU ) សាខាខេត្តសៀមរាប បានរៀបចំកម្មវិធីជួបជុំមិត្តជាលើកដំបូងរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី ជាសាស្ត្រាចារ្យផងដែរ សារុបប្រមាណជា ៣៥០នាក់ ដោយពួកគេចាត់ទុកថា ទិវា០៥តុលា ជាទិវាដ៏សំខាន់ និងមានអត្ថន័យបំផុតសម្រាប់ពួកគេ ។ នេះបើយោងតាមការលើកឡើងរបស់លោកបណ្ឌិត ម៉ឹក គឹមស្រឿន នាយកសាខានៃសាកលវិទ្យាល័យបៀលប្រាយ (BBU) ខេត្តសៀមរាប ក្នុងកម្មវិធីជួបជុំមិត្ត នារាត្រីនោះ ។
លោកបណ្ឌិត បានបង្ហាញឲ្យដឹងដែរថា ៖ នៅក្នុងកម្មវិធីជួបជុំគ្នានេះ វាបានបង្កើតឡើងនូវអត្ថប្រយោជន៍ជាច្រើន ដោយសារតែអតីតនិស្សិតទាំងនោះ បច្ចុប្បន្នបានក្លាយជាកោសិកាសង្គមដ៏ពេញលេញ មួយចំនួនមានមុខតំណែងកំពុងបំរើការងារជាមន្រ្តីរាជការក្នុងជួររាជរដ្ឋាភិបាល មួយចំនួនជាអាជីវករ ពាណិជ្ជករ សហគ្រិន បុគ្គលិកបំរើការងារក្នុងក្រុមហ៊ុននានា ជាដើម ។ល។ ដូច្នេះកម្មវិធីជួបជុំមិត្តអតីតនិស្សិតនៃសាកលវិទ្យាល័យមួយនេះ វាត្រូវបានបង្កើតឡើងជាវេទិកាមួយនៃការដកស្រង់ពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដែលជាពិសេសនោះ គឺជាឱកាសដែលពួកគេបានផ្តល់នូវភាពកត្តញ្ញូ ដឹងគុណមួយជីវិត ចំពោះគ្រូបង្រៀន ដែលជាឱពុកម្តាយទី២របស់ខ្លួន ។

លោកបន្ថែមឲ្យដឹងថា ៖ សម្រាប់កម្មវិធីនេះ គឺបានបង្កើតឱកាសនៃការភ្ជាប់ទំនាក់ទំនង សហការជ្រោមជ្រែងចាប់ដៃគូមុខរបរនិងការងារ ចែករំលែកព័ត៌មាន បទពិសោធន៍ជោគជ័យ ដើម្បីការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ហើយអ្វីដែលជាគោលបំណងធំរបស់កម្មវិធីជួបជុំគ្នានេះផងដែរ គឺការបង្កើតគំនិតដើម្បីការងារសង្គមនិងសប្បរសធម៌ ដូចជាការចូលរួមការងារការពារបរិស្ថាន បង្កើតមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ជួយដល់ មនុស្សចាស់ជរាទុរគត និងកុមារដែលខ្វះខាតក្នុងជីវភាពសិក្សា ។
លោក ឆន សានសានិត អតីតនិស្សិតសាកលវិទ្យាល័យ BBU សាខាខេត្តសៀមរាប ដែលបច្ចុប្បន្នជាម្ចាស់ដេប៉ូលក់ ជី សរីរាង្គ មួយកន្លែងនៅក្រុងសៀមរាប មានចំណាប់អារម្មណ៍យ៉ាងដូច្នេះថា ៖ លោក រីករាយជាមួយនឹងការចូលរួមក្នុងកម្មវិធីនេះ ។ ពិតជារំភើបខ្លាំងណាស់ ព្រោះជាឱកាសដ៏ប្រសើរដល់ការផ្ញើជូននូវការដឹងគុណគ្រូបង្រៀន និងបានចូលរួមក្នុងកិច្ចការសង្គម ដែលជាកាតព្វកិច្ចរបស់ពលរដ្ឋល្អនៃកម្ពុជា ។
យ៉ាងណាក៏ដោយ នៅក្នុងកម្មវិធីជួបជុំមិត្តអតីតនិស្សិតលើកទី១នេះ ការប្រមូលមូលនិធិសប្បុរសដើម្បីការងារសង្គម ទទួលបានថវិកា ១ ៦០០ដុល្លា ក្នុងនេះ ៥០០ដុល្លាត្រូវបានបែងចែកឧបត្ថម្ភជូនមន្ទីរពេទ្យកុមាគន្ធបុប្ផា ៥០០ដុល្លាទៀតសម្រាប់ឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ៣០០ដុល្លាសម្រាប់គោលដៅជួយដល់មនុស្សចាស់ជរាទុរគត និង៣០០ដុល្លាផ្សេងទៀត សម្រាប់ការឧបត្ថម្ភដល់សិស្សកុមារ ដែលមានកង្វះខាតក្នុងជីវភាពសិក្សា ៕
រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button