ជួបជុំមហាគ្រួសារ UCMAS កម្ពុជា

Share Button

កម្មវិធីសិក្សា UCMAS កម្ពុជា បានធ្វើការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ របស់ខ្លួន នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨ ក្នុងការជួបជុំមហាគ្រួសារ UCMAS កម្ពុជា ព្រមជាមួយ នឹងការប្រគល់ជូនរង្វាន់ជ័យលាភី ដល់សិស្សចំនួន៥នាក់ ហើយនិងគ្រូ ដែលមានស្នាដៃឆ្នើមចំនួន៥នាក់ ។
នៅថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ UCMAS កម្ពុជា បានបញ្ជូនសិស្ស ទៅចូលរួមប្រលងប្រកួតប្រជែងលំដាប់អន្តរជាតិលើកទី២២ នៅប្រទេសម៉ាឡេស៊ី ដោយមានសិស្សមកពី៤៥ប្រទេស សិស្សចំនួន៣ពាន់នាក់ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ចំនួន៤នាក់ ហើយនឹងជ័យលាភីពានរង្វាន់សិស្សឆ្នើម ១នាក់ ។ បច្ចុប្បន្ននេះ UCMAS ប្រចាំនៅកម្ពុជា មាន៣៣សាខា ខេត្ត ក្រុង ទទួលបានសិស្សចំនួន ៩០០០នាក់ កំពុងធ្វើការសិក្សា ។ ដូចនេះ UCMAS បានដាក់ចេញនូវប្រធានបទ (សាមគ្គីជាកំលាំងអមតៈ ពួតដៃធ្វើការរួមកំលាំងគ្នា សម្រាប់ភាពជោគជ័យទាំងអស់គ្នា) ។ នៅក្នុងកម្មវិធីសិក្សាសម្រាប់ឆ្នាំ២០១៨នេះ UCMAS បានធ្វើការលើកកម្ពស់កម្មវិធីសិក្សាផ្នែកគណិតវិទ្យា ការគណនាលេខរហ័ស ដើម្បីបង្កើនសមត្ថភាព បញ្ញា ដល់សិស្សានុសិស្ស ។
ដោយឈរលើគោលដៅឆ្ពោះទៅកាន់ភាពជោគជ័យអនាគត នៃកម្មវិធីសិក្សា របស់ UCMAS គឺមេឃគ្មានព្រំដែនកំណត់ ហើយការសិក្សាស្រាវជ្រាវគ្មានព្រំដែនកំណត់ដូចគ្នា ។ ចំពោះលទ្ធផល ដែលទទួលបានចំណាត់ថ្នាក់នៃការប្រលងប្រកួតប្រជែង លំដាប់អន្តរជាតិលើកទី២២ នៅប្រទេសម៉ាឡេស៊ី បានធ្វើឲ្យអាណាព្យាបាល សិស្សានុសិស្សមានទំនុកចិត្តលើកម្មវិធីសិក្សារបស់ UCMAS កម្ពុជា ព្រមជាមួយនឹងការទទួលស្គាល់ ហើយការគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា ៕ អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Facebook

Share Button