ចុះកិច្ចព្រមព្រៀងព្រៃសហគមន៍លើកទី៥

Share Button

បាត់ដំបងៈ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានរៀបចំកម្មវិធីក្នុងសកម្មភាពចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ជាមួយ និងសហគមន៍ព្រៃឈើចំនួន ១០ ក្នុងខេត្តលើកទី៥ ដោយមានការចូលរួមពីលោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត កែវ ម្លិះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ហើយកម្មវិធីនេះ បានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ដោយយោងលើរបាយការណ៍របស់លោក ឈឹម វិជ្ជរ៉ា និងលោក ពិន ភិរក្ស នាយខណ្ឌព្រៃឈើបានបញ្ជាក់ថា៖ សកម្មភាពថែរក្សាការពារព្រៃឈើធម្មជាតិ ក្នុងខេត្តបាត់ដំបង របស់សហគមន៍ព្រៃឈើមានចំនួន៣៣សហគមន៍ ក្នុងនោះមានដៃគូចូលរួមគាំទ្រសកម្មភាពមានអង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល មូលនិធិម៉ាដក្សចូលី ដើម្បីធានាបាននូវនិរន្តរភាពព្រៃឈើ ការគ្រប់គ្រងព្រៃឈើលក្ខណៈសេដ្ឋកិច្ច ការប្រើប្រាស់ព្រៃឈើមានលក្ខណៈគ្រួសារ និងប្រពៃណី ។ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង មានថ្នាលបណ្តុះកូនឈើចំនួន៣ ហើយក្នុងមួយឆ្នាំៗមានសមត្ថភាពបណ្តុះកូនឈើបានចំនួនជាង១០ម៉ឺនដើម ប្រភេទឈើសំណង់ និងឈើផ្កា ។

បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងរួចហើយ ឯកឧត្តមបណ្ឌិត កែវ ម្លិះ បានបង្ហាញថា៖ ខេត្តបាត់ដំបង ដែលមានសហគមន៍ព្រៃឈើចំនួន ៣៣សហគមន៍គ្រប់គ្រងដីព្រៃឈើជាង ១ម៉ឺនហិកតា កំពុងដើរតួនាទីជាសហគមន៍គំរូ ។ ហើយនៅទូទាំងប្រទេសមានសហគមន៍ព្រៃឈើចំនួន ៦៣៦សហគមន៍កំពុងតែបានគ្រប់គ្រង និងថែរក្សាការពារដីព្រៃឈើសហគមន៍លើផ្ទៃដីចំនួនជាង៥០ម៉ឺនហិកតា ក្នុងនោះដែរ សហគមន៍ព្រៃឈើ ត្រូវចេះធ្វើផែនការចង្អុលទិស ដើម្បីឆ្ពោះទៅកាន់ការស្តា និងអភិវឌ្ឍន៍ព្រៃឈើ ដូចនេះ ប្រជាពលរដ្ឋ និងសហគមន៍មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងការដកហូតអនុផលព្រៃឈើ ប្រសិនបើបុគ្គលណាមួយប្រើសិទ្ធិចាត់ចែង និងប្រឈមមុខការផ្តន្ទាទោសជាប់ពន្ធនាគាររួមជាមួយ និងសកម្មឈូសឆាយព្រៃឈើផងដែរ ៕ រូបភាពៈ លោក មៀច ណារ៉ា, អត្ថបទៈ លោក ឈឹម សិរីវុឌ្ឍិ៍

Share Button