កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រឹតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា

Share Button

សៀមរាបៈ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រឹតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ មីយ៉ាន់មា ស្តីពីតួនាទីនៃប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ៖ កិច្ចប្រជុំនេះមានសារសំខាន់ ហើយក៏ជាការបំពេញករណីយកិច្ចជាប្រទេសសមាជិកក្នុងតំបន់ និងក្នុងពិភពលោក ក្នុងការពង្រឹងកិច្ចសហការស្វែងរកគន្លឹះដោះស្រាយរួមគ្នា រវាងប្រទេសដែលមានស្ថានភាពប្រហាក់ប្រហែលគ្នា បង្ហាញអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ពលករពីភាពរងគ្រោះ និងជនរងគ្រោះគ្រប់ភេទ គ្រប់វ័យ ក្នុងអំឡុងពេលទេសន្តរប្រវេសន៍ ជាពិសេស ពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព ដែលនឹងផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌ សម្រាប់ភាគីទាំងសងខាង គឺនិយោជក និងនិយោជិត និងរវាងប្រទេសបញ្ជូន និងប្រទេសគោលដៅនៃការទទួល ។

សម្រេចក្រឡាហោម បញ្ជាក់ថា ៖ ប្រទេសទាំងបី ( កម្ពុជា ឡាវ មីយ៉ាន់មា ) ជាប្រទេសជិតខាងគ្នា មានព្រំដែនជាប់ជាមួយប្រទេសថៃដូចគ្នា មានប្រជាពលរដ្ឋកំពុងធ្វើការនៅក្នុងប្រទេសថៃដូចគ្នា ទាំងស្របច្បាប់ និងមិនស្របច្បាប់ ក្នុងចំនួនយ៉ាងច្រើន ។ មួយចំនួន បាន និងកំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងដំណើរការទេសន្តរប្រវេសន៍ តាំងពីការចាកចេញ ទាំងនៅកន្លែងធ្វើការ និងរហូតដល់ពេលត្រឡប់មកវិញ ។
សម្តេចក្រឡាហោម ស ខេង បង្ហាញថា គោលដៅនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺសំដៅឆ្ពោះទៅរកវិធីសាស្រ្តកិច្ចការពារពលករទេសន្តរប្រវេសន្តន៍តែប៉ុណ្ណោះ មិនបាននិយាយទៅដល់ការរកមូលហេតុ ដែលនាំឲ្យមានទេសន្តរប្រវេសន៍នោះទេ ។ សម្តេចក្រឡាហោម បញ្ជាក់ច្បាស់ថា ៖ ការរិះរកវិធីសាស្រ្តការពារពលករទេសន្តរប្រវេសន៍របស់ប្រទេសទាំងបី ( កម្ពុជា ឡាវ មីយ៉ាន់មា ) ក៏ជាការរួមចំណែកមួយ ប្រមូលធាតុចូលល្អៗ ថ្មីៗ ដើម្បីប្រឹក្សាជាមួយភាគីថៃ ដែលអាចនិយាយបានថា ជាជំនួយស្មារតីដើម្បីដោះស្រាយបញ្ហាដែលកំពុងមានចំណោទ ។
យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ច្បាស់ថា ៖ កិច្ចប្រជុំនេះ ពុំមែនជាការចាប់ដៃគ្នារវាងប្រទេសទាំងបី ( កម្ពុជា ឡាវ មីយ៉ាន់មា ) ដើម្បីដាក់សម្ពាធទៅលើភាគីថៃនោះទេ ក៏ប៉ុន្តែគឺជាការរួមគ្នា ដើម្បីបង្ហាញទស្សនទានថ្មីៗ ក្នុងន័យការពារពលករដែលចាកចេញពីប្រទេសរបស់ខ្លួន ហើយក៏ជួយការពារចំពោះភាគីថៃដែលជាប្រទេសអ្នកទទួលពលករ ផងដែរ ។ ពលករដែលកំពុងធ្វើការនៅប្រទេសថៃក៏ទទួលបានផលប្រយោជន៍ ហើយភាគីថៃដែលជាប្រទេសគោលដៅទទួលពលករពហុទិស ក៏ទទួលបានផលប្រយោជន៍ ដូចនេះ អ្វីៗទាំងអស់ គឺដើម្បីយល់ទាំងអស់គ្នាថា នេះគឺជាការរួមចំណែកពីគ្នាទៅវិញទៅមក ។
កិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ដែលបានដំណើរការនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅក្រុងសៀមរាប ។ មន្រ្តីថ្នាក់ដឹកនាំសំខាន់ៗ ដែលបានចូលរួមបើកកិច្ចប្រជុំនេះ រួមមានអនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃសហភាពមីយ៉ាន់មា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតឡាវ ឯកអគ្គរដ្ឋទូត នៃសហភាពមីយ៉ាន់មា និងសាធារណរដ្ឋប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ក៏មានវត្តមានបើកកិច្ចប្រជំនោះផងដែរ ៕ រូបភាព និងអត្ថបទៈ លោក Ngin Kimleng

Share Button