ការគណនាលេខដោយប្រើខួរក្បាល ត្រូវបានសាលាអាយឃីដ សាខាក្រុងបាត់ដំបង ធ្វើសិក្ខាសាលាផ្សព្វផ្សាយ

Share Button

ការគណនាលេខដោយប្រើខួរក្បាល UCMAS គឺជាកម្មវិធីសិក្សា ដែលល្អបំផុត ធំបំផុត និងជាប់ចំណាត់ថ្នាក់ទី១លើពិភពលោក ត្រូវបានសាលាអាយឃីដ សាខាក្រុងបាត់ដំបង ធ្វើសិក្ខាសាលាផ្សព្វផ្សាយ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពី លោក ងី សែត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង លោក បើណាត វ៉ង (Bernard Wang) នាយកប្រតិបត្តិ យូស៊ីម៉ាសប្រចាំប្រទេសកម្ពុជា លោក សឿន ប៊ុនថាប នាយកកម្មវិធីយូស៊ីម៉ាសសាខាក្រុងបាត់ដំបង ។
លោក បើណាត វ៉ង (Bernard Wang) បានមានប្រសាសន៍ថា៖ កម្មវិធីយូស៊ីម៉ាសនេះ ជាកម្មវិធីពិសេសរៀបចំឡើង សម្រាប់កុមារដែលមានអាយុចាប់ពី៤ឆ្នាំ ទៅ១២ឆ្នាំ ដោយផ្តោតលើប្រធានបទចំនួន៣ គឺទី១ ឲ្យចេះប្រើឧបករណ៍គិតលេខចិនបានរហ័ស ទី២ មិនបាច់ប្រើឧបករណ៍គិតលេខទេ ប៉ុន្តែស្រមៃការគិតលេខក្នុងខួរក្បាល គិតលេខបានលឿនរហ័យហើយត្រឹមត្រូវឥតខ្ចោះ និងទី៣រៀនហើយមិនបាច់ប្រើឧបករណ៍គិតលេខ មិនបាច់មើលលេខទេ គ្រាន់តែស្តាប់ គ្រាន់តែហៅលេខមក គិតបានលឿនបានរហ័សត្រឹមត្រូវទាំងអស់ ក្រោយពីបានរៀនកម្មវិធីនេះហើយ ជំរុញខួរក្បាលរបស់ក្មេងៗទាំងសងខាងមានការវិវត្តន៍ បញ្ញាឈ្លាសវៃ បន្ទាប់ពីការហ្វឹកហាត់នេះទៅ កុមារាកុមារីអាចទៅរៀនមុខវិជ្ជាផ្សេងៗទៀត នៅតាមសាលាក្លាយទៅជាសិស្សពូកែ ពូកែគ្រប់មុខវិជ្ជាទាំងអស់។ កម្មវិធី UCMAS មានទូរទាំងពិភពលោក មានចំនួន៧៦ប្រទេស ហើយមានប្រវត្តិ២៤ឆ្នាំ នៅប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាយើង មាន២៩សាខាខេត្តក្រុង ។
លោក ងី សែត បានមានប្រសាសន៍ដោយបញ្ជាក់ថា៖ ក្នុងខេត្តបាត់ដំបងនេះជាលើកទី១ដែលមានកម្មវិធីUCMASរបស់សាលាអាយឃីដ ចូលមកបង្រៀនដោយធ្វើការហ្វឹកហាត់ខួរក្បាលនៅក្នុងការគិតឲ្យបានលឿន ហើយកន្លងមកយើងមានតែវិធីសាស្រ្តក្នុងការបង្រៀនដែរ តែអត់បានលឿនដល់ប៉ុណ្ណឹងទេ ហើយនេះជាវិធីសាស្រ្តមួយ ដែលគេបានរកឃើញ ដើម្បីឲ្យកុមារាកុមារីហ្វឹកហាត់ជាជំហានដំបូងផ្នែកគិតលេខនេះឯង កាលណាបើគិតបានលឿន ថ្ងៃក្រោយការដោះស្រាយបញ្ហាសិស្សអាចមានសមត្ថភាពបានលឿនទាន់ពេលវេលា ជាឱកាសមួយសម្រាប់កុមារាកុមារីក្នុងខេត្តបាត់ដំបង។ លោកបន្តទៀតថា៖ វិស័យអប់រំរដ្ឋ និងវិស័យអប់រំឯកជនត្រូវតែមានទំទាក់ទំនងគ្នាដោយមិនអាចខ្វះបាន កាលណាមានការចូលរួមពីបណ្តាអង្គការ ស្ថាប័ន អង្គភាពពាក់ព័ន្ធ នោះវិស័យអប់រំរបស់ប្រទេសយើងកាន់តែល្អប្រសើរឡើង ព្រោះថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវកំណែទម្រង់អប់រំ ហើយក្រសួងអប់រំបានធ្វើការកែទំរង់វិស័យអប់អប់រំ បើសិនបើចេះទើបអាចប្រលងជាប់ ដូច្នេះហើយទើបសិស្សានុសិស្សខិតខំយកចិត្តទុកដាក់រៀនសូត្រ ធ្វើឲ្យវិស័យអប់រំរបស់ប្រទេសកម្ពុជាយើងកាន់មានគុណភាព ពីមួយឆ្នាំទៅមួយឆ្នាំ ៕ អត្ថបទៈ លោក នៅ សុខរ័ត្ន

Facebook

Share Button